ខេត្តសៀមរាប៖ ពុទ្ធបរិស័ទយ៉ាងច្រើន បានរៀបចំក្បួនដង្ហែរំឭកដល់ព្រះមហាគុណូបការរបស់សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤ កាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅវត្តរាជបូណ៌ ខេត្តសៀមរាប។
ការៀបចំពិធីនេះឡើង មានគោលបំណងរំឭកដល់មហាវីរសមណ បណ្ឌិត អ្នកប្រាជ្ញខ្មែរ ដែលខិតខំបូជាកម្លាំងកាយ ចិត្ត និង ប្រាជ្ញា បានបន្សល់ទុកនូវស្នាព្រះហស្ត និង ស្នាដៃដែលជាឧបការគុណដ៏ធំធេង ពុំអាចគណនាបាន។ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ បានបន្សល់ទុកនូវស្នាព្រះហស្ដយ៉ាងច្រើន រួមមាន៖ បទនគរាជ, វចនានុក្រមខ្មែរ, គម្ពីរព្រះត្រីបិដក១១០ភាគ ដោយបានបកប្រែពីភាសាបាលី មកជាភាសាខ្មែរ ចន្លោះពីឆ្នាំ១៩៣០-១៩៦៩ រួមទាំងក្បួនច្បាប់ សម្រាប់វិស័យអប់រំផ្នែកពុទ្ធិកសិក្សា ព្រមទាំងសៀវភៅជាច្រើនទៀត ដែលពុំអាចរៀបរាប់អស់។
សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ បានបកប្រែព្រះត្រៃបិដក ពីភាសាបាលី មកជាព្រះត្រៃបិដកជាភាសាជាតិរបស់ខ្លួន ចប់មុនគេ នៅក្នុងចំណោមប្រទេសជាអ្នកពុទ្ធសាសនារបស់ពិភពលោក។ ព្រះត្រៃបិដក ជាក្បួនច្បាប់កំពូល ដោយបានចងកងនូវព្រះពុទ្ធោវាទ សម្រាប់ជាមាគ៌ាប្រតិបត្ដិរបស់ព្រះពុទ្ធសាសនា។ ស្នាព្រះហស្ដរបស់សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ បានខិតខំបកប្រែ មកជាភាសាខ្មែរ ដោយចំណាយពេល៣៩ឆ្នាំ សម្រាប់បង្កភាពងាយស្រួលដល់ប្រជាជាតិខ្មែរ អាចសិក្សារៀនបាន។
ព្រះត្រៃបិដក ទាំង១១០ភាគនោះ រួមមាន៖ ១.ព្រះវិន័យ ឬ ហៅថា វិនយបិដក ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣, ២.ព្រះសូត្រ ឬហៅថា សុត្តន្តបិដក ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧ និង ៣.ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០៕