ខេត្តស្វាយរៀង៖ នាយករងមីក្រូហិរញ្ញវត្ថុម្នាក់ បានបើករថយន្ដ បុកគ្នាជាមួយនឹងរថយន្ដក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមរបស់ក្រុមហ៊ុនដានដាន បណ្ដាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦ និង ៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ស្ថិតក្នុងភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះអកុសលនោះ ជនរងគ្រោះ បានរថយន្ដ ម៉ាកកាមរីហាយប្រ៊ីដ ពាក់ស្លាកលេខ ភ្នំពេញ 2BN- 8192 តាមបណ្ដោយផ្លូវជាតិលេខ បញ្ច្រាសទិសគ្នា ជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនដានដាន ពីភ្នំពេញ-វៀតណាម នៅក្នុងល្បឿនលឿនដូចគ្នា។ លុះពេលរថយន្ដទាំង២ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យលោកនាយករងមីក្រូហិរញ្ញវត្ថុបាត់បង់ជីវិត នៅក្នុងកាប៊ីនរថយន្ដ។ ឃើញហេតុការណ៍បែបនេះ អ្នកបើករថយន្តក្រុងទេសចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។
មន្រ្ដីនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់ចរាចរណ៍បែបនេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និង វាស់វែង។ ជនរងគ្រោះ ឈ្មោះ ចិក វិមល អាយុ២៩ឆ្នាំ មានតួនាទីនាយករងគាំទ្រផ្នែកលក់មីក្រូហិរញ្ញវត្ថុអម្រឹត មានទីលំនៅភូមិប្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ រីឯអ្នកបើករថយន្ដក្រុង នៅមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។
ក្រោយពេលការពិនិត្យ និង វាស់វែងរួចហើយ សមត្ថកិច្ចបានដកហូតរថយន្ដទាំង២គ្រឿង ទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ និង បន្ដតាមស្រាវជ្រាវស្វែងរកអ្នកបើករថយន្ដក្រុង នាំមកចាត់ការតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕