រាជធានីភ្នំពេញ៖ បុរសបរទេសម្នាក់ បានបើករថយន្ដលឿនដូចហោះ បត់តាមផ្លូវកោងមិនទាន់ជ្រុលចង្កូតទៅបុកបង្គោលភ្លើងទាំងកម្រោល បណ្ដាលឲ្យរថយន្ដរងការខូចខាត កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ១៩២៨ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសជាជនបរទេសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-4627 ដឹកមិត្តភក្ដិជាជនជាតិបរទេសដូចគ្នា ចំនួន៧នាក់ បោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ១៩២៨ នៅក្នុងទិសដៅពីកើតទៅលិច។ លុះពេលគាត់បានបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ហើយគួបផ្សំនឹងរថយន្ដមានល្បឿនលឿនផង ធ្វើឲ្យគាត់បត់រថយន្ដមិនទាន់ ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទាំងកម្រោល បណ្ដាលឲ្យរថយន្ដរងការខូចខាត និង ទ្រេតបង្គោលភ្លើង។ រីឯមនុស្សនៅក្នុងរថយន្ត មានខ្លះរងរបួសធ្ងន់ និង ខ្លះទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅយករថយន្តបង្ក មករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕