រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងបញ្ហាអសន្ដិសុខរបស់ពិភពលោក ក៏ដូចជា សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បណ្ដាប្រទេសនានា នៅលើភពផែនដីនេះ បានបង្កើននូវការចំណាយលើវិស័យការពារជាតិ រហូតដល់២,៤៦ពាន់ពាន់លានដុល្លារអាមេរិក ហើយសហរដ្ឋអាមេរិក បានត្រួតត្រាលើការនាំចេញគ្រឿងសព្វាវុធច្រើនជាងគេបំផុត រហូតដល់៤៥ភាគរយ នៅក្នុងចំណោមប្រទេសនាំចេញគ្រឿងសព្វាវុធទាំងអស់ ទៅកាន់ពិភពលោក។
ទូរទស្សន៍របស់អាល្លឺម៉ង់ DW បានផ្សាយនៅដើមសប្ដាហ៍នេះ ថា បើតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម (Stockholm International Peace Research Institute ហៅកាត់ SIPRI មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត បានសរសេរ ថា ប្រហែលជាពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រសិនបើក្រឡេកមើលដំបូង ឃើញ ថា ការនាំចេញគ្រឿងសព្វាវុធរបស់ពិភពលោក មានការជាប់គាំងច្រើន ឬតិចជាង បើធៀបនឹងរយៈពេល ចន្លោះពីឆ្នាំ ២0១0-២0១៩។ ប៉ុន្តែការក្រឡេកមើលឲ្យបានដិតដល់ទៅលើប្រទេសនីមួយៗ បានចង្អុលបង្ហាញទៅលើការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង ដែលកំពុងតែអង្រួនដល់សណ្តាប់ធ្នាប់របស់ពិភពលោក។
អ៊ុយក្រែន ជាប្រទេសមួយ បានទទួលអាវុធធុនធ្ងន់ធំច្រើនជាងគេ នៅលើពិភពលោក នៅក្នុងអំឡុងចន្លោះពីឆ្នាំ២០២០-២០២៤។ ប្រទេសអឺរ៉ុបខាងកើតមួយនេះ បានរងការវាយប្រហារ ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ហើយបានជំរុញឲ្យអ៊ុយក្រែន បង្កើនការនាំចូលគ្រឿងសព្វាវុធកើនឡើងជិតមួយរយដង។ នេះជាការអភិវឌ្ឍដ៏គួរឲ្យភ្ញាក់ផ្អើល បើធៀបនឹងរយៈពេល ចន្លោះពីឆ្នាំ ២០១៥-២០១៩។
វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម បានឲ្យដឹងទៀត ថា ផលវិបាកដោយផ្ទាល់ នៃការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពលេនេះ បណ្ដាប្រទេសអឺរ៉ុបជាច្រើន បានបង្កើនការនាំចូលគ្រឿងសព្វាវុធ កើនឡើង រហូតដល់១៥៥ភាគរយ។ សកម្មភាពរបស់បណ្ដាប្រទេសអឺរ៉ុប មានការភ័យខ្លាច អំពីការផ្ទុះសង្គ្រាមណាមួយ នាពេលអនាគត បង្កឡើងដោយប្រទេសរុស្ស៊ី។ រីឯហេតុផល សម្រាប់ការបង្កើននូវការនាំចូលអាវុធបែបនេះ ក៏ដោយសារតែភាពមិនច្បាស់លាស់ អំពីទិសដៅ នាពេលអនាគត សម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
បើតាមរបាយការណ៍របស់វិទ្យាស្ថានដដែលនេះ បានបន្ដ ថា ប្រទេសចំនួន៣៥ បានចូលរួមបញ្ចេញគ្រឿងសព្វាវុធ ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងពេល ចន្លោះពីឆ្នាំ២០២០ដល់២០២៤ ដោយស្មើនឹងប្រហែលចំនួន៨,៨ភាគរយ នៅក្នុងចំណោមការនាំចូលគ្រឿងសព្វាវុធរបស់ពិភពលោក។ សហរដ្ឋអាមេរិក បាននាំចេញអាវុធ ចំនួន៤៥ភាគរយ នៅក្នុងចំណោមប្រទេសនាំចេញគ្រឿងសព្វាវុធទាំងអស់ ខណៈប្រទេសបន្ទាប់ គឺអាល្លឺម៉ង់ បាននាំចេញចំនួន១២ភាគយ និង ប៉ូឡូញ បាននាំចេញចំនួន១១ភាគរយ។
លោក ព្យែធើរ វេហ្សេម៉ាន់ (Pieter Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃកម្មវិធីផ្ទេរសព្វាវុធ SIPRI បានបញ្ជាក់ ថា ជាមួយនឹងប្រទេសរុស្ស៊ី ដែលមានជម្លោះកាន់តែខ្លាំងឡើង និង ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ស្ថិតក្រោមភាពតានតឹង នៅក្នុងអំឡុងពេលការកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ នោះ បណ្ដាប្រទេសជាច្រើននៅអឺរ៉ុបរបស់អង្គការណាតូ បានចាត់វិធានការ កាត់បន្ថយនូវការពឹងផ្អែករបស់ពួកគេ ទៅលើការនាំចូលអាវុធ និង ពង្រឹងឧស្សាហកម្មគ្រឿងសព្វាវុធ នៅអឺរ៉ុប។
អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះ បានបន្ដ ថា ទំនាក់ទំនងផ្គត់ផ្គង់គ្រឿងសព្វាវុធឆ្លងមហាសមុទ្រអាត្លង់ទិក បានចាក់ឫសគល់យ៉ាងជ្រៅ។ រីឯការនាំចូលគ្រឿងសព្វាវុធពីសហរដ្ឋអាមេរិក មានការកើនឡើងយ៉ាងខ្លាំង ហើយបណ្ដារដ្ឋជាសមាជិករបស់អង្គការណាតូ នៅអឺរ៉ុប មានយន្តហោះប្រយុទ្ធជិត ៥00 គ្រឿង និង គ្រឿងសព្វាវុធយ៉ាងច្រើន នៅតែបញ្ជាទិញ ពីសហរដ្ឋអាមេរិក បន្ដទៀត។
លោក ដូណាល់ ត្រាំ (Donald Trump) បានឡើងកាន់អំណាចជាប្រធានាធិបតីលើកទី១របស់សហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ហើយបានចូលកាន់តំណែងជាលើកទី២ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ នៅសប្តាហ៍នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីមានជម្លោះដែលមិនធ្លាប់មានពីមុនមក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy)។ ប៉ុន្ដែបណ្ដាមេដឹកនាំអឺរ៉ុប នៅតែបន្ដគាំទ្រយ៉ាងខ្លាំងដល់លោកប្រធានាធិបតី ហ្សេឡែនស្គី។
ជាមួយនឹងការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយដ៏តានតឹង និង ការកើតមានជម្លោះ នៅលើពិភពលោកនោះ បណ្ដាប្រទេសជាច្រើន កំពុងតែបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង សម្រាប់ឆ្នាំ២០២៥នេះ។ រីឯប្រទេសចំនួន១០ បង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាងគេបំផុត នៅលើពិភពលោក រួមមាន៖ ១.សហរដ្ឋអាមេរិក ចំណាយ រហូតដល់៨៩៥ពាន់លានដុល្លារ, ២.ចិន ចំណាយ ជាង២៦៦,៨ពាន់លានដុល្លារ, ៣.រុស្ស៊ី ចំណាយ ១២៦ពាន់លានដុល្លារ, ៤.ឥណ្ឌា ចំណាយ ៧៥ពាន់លានដុល្លារ, ៥.អារ៉ាប៊ីសាអូឌីត ចំណាយ ជាង៧៤ពាន់លានដុល្លារ, ៦.ចក្រភពអង់គ្លេស ចំណាយ ជាង៧១ពាន់លានដុល្លារ, ៧.ជប៉ុន ចំណាយចំនួន៧៥ពាន់លានដុល្លារ, ៨.អូស្រ្ដាលី ចំណាយ៥៥,៧ពាន់លានដុល្លារ, ៩.បារាំង ចំណាយ៥ពាន់លានដុល្លារ និង ១០.អ៊ុយក្រេន ចំណាយ៥៣,៧ពាន់លានដុល្លារ៕