ខេត្តស្វាយរៀង៖ ចោរមួយក្រុម បានជិះម៉ូតូចំនួន២គ្រឿង ចូលធ្វើសកម្មភាពលួចកាច់.កម៉ូតូរបស់ពលរដ្ឋបានសម្រេច រួចបានគេចខ្លួន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយអ្នកភូមិ បានផ្អើលឆោឡោដេញតាម ធ្វើឲ្យក្រុមចោររត់ចោលម៉ូតូរបស់ពួកគេ ចំនួន១គ្រឿង នៅស្រុកស្វាយជ្រំ។
ជនរងគ្រោះ បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គាត់បានដាក់ម៉ូតូរបស់គាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1T-3906 មានបំពាក់ GPS នៅខាងមុខរបងផ្ទះ តាមលើចិញ្ចើមថ្នល់ ជាមួយនឹងម៉ូតូ៤ទៅ៥គ្រឿង និង រថយន្ដនៅទីនោះ ដូចសព្វមួយដងដែរ។ លុះមកដល់វេលាកើតហេតុ មានចោរមួយក្រុម បានជិះម៉ូតូចំនួន២គ្រឿង មកធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់គាត់ ហើយបានជិះគេចខ្លួនបាត់។
ជនរងគ្រោះ បានឲ្យបន្ដ ថា បើតាមការឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញចោរចំនួន៥នាក់ ជិះម៉ូតូចំនួន២គ្រឿង ដោយចោរចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង មកឈប់នៅកន្លែងដាក់ម៉ូតូ។ លុះមួយសន្ទុះក្រោយមក ចោរ២នាក់ទៀត បានជិះម៉ូតូ១គ្រឿងទៀត មកដល់ ហើយចោរម្នាក់បានដើរចូលទៅកាច់កម៉ូតូរបស់គាត់ ដែលដាក់នៅក្បែររថយន្ត រួចអូសចេញទៅ។ គាត់បានមើលទូរស័ព្ទ និង បើក GPS ឃើញចោរលួចយកម៉ូតូរបស់គាត់ ជិះទៅដល់ចំណុចផ្សារប្រសូត ស្រុកស្វាយទាប នាវេលាម៉ោងប្រហែល៣ទៀបភ្លឺ ទើបប្តឹងទៅសមត្ថកិច្ច និង អ្នកសារព័ត៌មានឲ្យជួយអន្តរាគមន៍។ ភ្លាមៗនោះ ពួកគាត់បាននាំគ្នាជិះម៉ូតូ ចំនួន៣ទៅ៤គ្រឿង ដេញតាមចំណុចទីតាំងម៉ូតូរបស់គាត់ ដែលមើលតាម GPS ។ រីឯក្រុមចោរបានជិះម៉ូតូរបស់គាត់ ទៅដល់ចំណុចច្រមុះជ្រូក ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចេញស្ទាក់ ប៉ុន្តែទំនងក្រុមចោរបានដឹង ថា ម៉ូតូរបស់ជនរងគ្រោះ មានបំពាក់ GPS ទើបពួកគេឈប់ដោះ GPS ចេញ និង ដោះសម្លៀកបំពាក់ចោល នាវេលាម៉ោងប្រហែលជិត៤ទៀបភ្លឺ នៅចំណុចស្រុកស្វាយជ្រំ ហើយបានជិះម៉ូតូគេចខ្លួន ខណៈពលរដ្ឋបានដេញតាមទាន់ នៅចំណុចស្រុកស្វាយជ្រំ ដោយមានប្រើប្រាស់ដំបង និង កាំបិត ស្រែកឆោឡោ ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោ រត់ចោលម៉ូតូ ចំនួន១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ក្រចេះ 1G-4351 ហើយកាបូបខោអាវ និងខោអាវ ដែលក្រុមចោរបានស្លៀកពាក់ធ្វើសកម្មភាព នាំគ្នារត់ឡើងជិះម៉ូតូដែលពួកគេលួចបាននោះ គេចខ្លួនបាត់ស្រមោល ហើយបានជិះម៉ូតូរបស់ជនរងគ្រោះ គេចខ្លួន និង បានបាត់ដាននៅត្រឹមស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដកហូតម៉ូតូ ដែលចោរបានរត់ចោល និង វត្ថុតាងផ្សេងៗទៀត យកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញារបស់ចោរ ដើម្បីឃាត់ខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់៕