ដណ្ដើមគ្នាចូលយកសំបុត្រទស្សនាប្រាសាទបុរាណ ជាន់គ្នាស្លាប់ជាច្រើននាក់ នៅឥណ្ឌា

10-មករា-2025 - ម៉ោង 11:16:AM

រដ្ឋធានីញូវដេលី៖ អ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់ បានប្រជ្រៀតគ្នា ចូលយកសំបុត្រ សម្រាប់ទស្សនា នៅក្នុងប្រាសាទហិណ្ឌូ មានអាយុកាលជិត២០០០ឆ្នាំ ស្ថិតក្នុងរដ្ឋអាន់ថ្រាប្រាដែស (Andhra Pradesh) ហើយបានរុញច្រានគ្នាទៅវិញទៅមក បណ្ដាលឲ្យជាន់គ្នាស្លាប់យ៉ាងតិចចំនួន៦នាក់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស។

ទូរទស្សន៍របស់អង់គ្លេស BBC បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ថា ប្រាសាទដ៏មានតម្លៃបំផុតមួយរបស់ឥណ្ឌា ឈ្មោះ ស្រ៊ី វេនកាតេស្វារ៉ា ស្វា មី (Sri Venkateswara Swamy) ដែលបានស្គាល់ជាទូទៅ ថា ប្រាសាទ ធីរូផាទី (Tirupati) ស្ថិតក្នុងរដ្ឋអាន់ថ្រា ប្រាដែស (Andhra Pradesh) បានសុំទោស ចំពោះឧបទ្ទវហេតុជាន់គ្នាស្លាប់ ចំនួន៦នាក់ និង រាប់សិបនាក់ទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ខណៈពួកគេតម្រង់ជួរ សម្រាប់ចូលយកសំបុត្រ ចូលរួម នៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលទាក់ទាញមនុស្សរាប់សែននាក់ នៅក្នុងមួយឆ្នាំៗ។ ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីយប់ ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅឯព្រះវិហារ Tirupati នាភាគខាងត្បូង នៃរដ្ឋ Andhra Pradesh ។

ដោយឡែក មន្រ្ដីរដ្ឋអាន់ថ្រាប្រាដែស បានបញ្ជាក់ ថា អាជ្ញាធរ នឹងមានចំណាត់ការយ៉ាងតឹងរ៉ឹង ប្រឆាំងចំពោះបុគ្គលិកព្រះវិហារ ដែលត្រូវបានរកឃើញ ថា ជាអ្នកទទួលខុសត្រូវ ចំពោះសោកនាដកម្មនេះ។

ប្រជាជនឥណ្ឌា ជាអ្នកកាន់សាសនាហិណ្ឌូ កាលពីព្រឹកព្រលឹម ថ្ងៃពុធ ទី៨ ខែមករា បានចាប់ផ្តើមតម្រង់ជួរ ដោយក្តីសង្ឃឹម ថា ពួកគេនឹងមានឱកាសចូលទៅទស្សនាប្រាសាទ មានអាយុកាលជិត២000ឆ្នាំ។ ប៉ុន្ដែការរុញច្រានគ្នាទៅវិញទៅមក នាអំឡុងពេលតម្រង់ជួរ ដើម្បីទទួលសំបុត្រចូលទស្សនានោះ បាននាំឲ្យមានការជាន់គ្នាស្លាប់យ៉ាងតិចចំនួន៦នាក់ និង មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស៕

ពត័មានពេញនិយម