ខ្មាន់កាំភ្លើង វាយប្រហារមកលើវិមានប្រធានាធិបតីឆាដ ស្លាប់-របួសជាង២០នាក់

10-មករា-2025 - ម៉ោង 11:13:AM

រដ្ឋធានីនីចាមេណា (N'Djamena)៖ បណ្ដាញផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋឆាដ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ថា ការវាយប្រហារមកលើវិមានប្រធានាធិបតីឆាត បានធ្វើឲ្យក្រុមអ្នកវាយប្រហារចំនួន១៨នាក់ បាត់បង់ជីវិត និង មនុស្សចំនួន៦នាក់ ត្រូវបានចាប់ឃុំឃាំង ខណៈទាហានម្នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។

ទូរទស្សន៍ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ថា ការវាយប្រហារនេះ បានកើតឡើង កាលពីយប់ ថ្ងៃពុធ ខណៈលោក ម៉ាហាម៉ាត់ ដេប៊ី អ៊ីតណូ (Mahamat Deby Itno) ប្រធានាធិបតីឆាដ កំពុងតែស្ថិតក្នុងវិមានរបស់ប្រធានាធិបតី។ ប៉ុន្តែអាជ្ញាធរ នៃប្រទេសឆាដ បានអះអាង ថា ស្ថានភាពនេះ ត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័ស។

លោក អាប់ដេរ៉ាម៉ាន់ គូឡាម៉ាល់ឡះ (Abderaman Koulamallah) រដ្ឋមន្រ្ដីក្រសួងការបរទេសឆាដ បានថ្លែង ខណៈឡោមព័ទ្ធដោយទាហាន នៅក្នុងការផ្សាយបន្ដផ្ទាល់តាមហ្វេសប៊ុក ថា ស្ថានការណ៍នេះ ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង។

ខ្មាន់កាំភ្លើង បានប៉ុនប៉ងវាយលុកចូលទៅក្នុងបរិវេណរបស់ប្រធានាធិបតីឆាដ។ ភ្លាមៗនោះ កងកម្លាំងសន្តិសុខ បានចល័តរថក្រោះជាច្រើនគ្រឿង ដើម្បីគ្រប់គ្រងនូវស្ថានការណ៍វាយប្រហារនេះ។ ស្របគ្នានេះដែរ រដ្ឋាភិបាល នៃសាធារណរដ្ឋឆាដ បានបញ្ជាក់ ថា ខ្មាន់កាំភ្លើងបានវាយប្រហារមកលើអគារ នៃវិមានរបស់ប្រធានាធិបតី នៅក្នុងរដ្ឋធានីនីចាមេណា ហើយកងកម្លាំងសន្តិសុខ បានសម្លាប់ក្រុមខ្មាន់កាំភ្លើងចំនួន១៨នាក់ ខណៈមន្ត្រីសន្តិសុខម្នាក់បានស្លាប់ និង ជាច្រើននាក់ផ្សេងទៀតរងរបួស។

ការវាយប្រហារនេះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាលឆាដ បានបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយបារាំង ហើយតិចជាងពីរសប្តាហ៍ បន្ទាប់ពីប្រទេសឆាដ បានរៀបចំការបោះឆ្នោតសកល ដោយមានអ្នកបោះឆ្នោតចំនួនតិច បានទៅបោះឆ្នោត។ ប្រទេសអាហ្វ្រិកកណ្ដាលមួយនេះ បានរងវាយប្រហារជាញឹកញាប់ ដោយក្រុមជីហាដ Boko Haram (បូកូ ហារ៉ាម) នៅក្នុងតំបន់បឹងឆាដ៕

ពត័មានពេញនិយម