រថភ្លើង កិនបុរសម្នាក់ស្លា.ប់ ក្រោយរត់ចេញពីផ្ទះ

09-មករា-2025 - ម៉ោង 12:55:PM

ខេត្តបាត់ដំបង៖ បុរសកើតជំងឺសរសៃប្រសាទម្នាក់ បានរត់ចេញពីផ្ទះ ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវបានរថភ្លើងបុក និង កិនស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែលូ៦ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមឪពុករបស់ជនរងគ្រោះ រស់នៅភូមិកើតហេតុ បានឲ្យដឹង ថា កូនប្រុសរបស់គាត់ បានកើតជំងឺសរៃប្រសាទតាំងពីកំណើតមក។ លុះមកដល់វេលាម៉ោង៩ និង ៣០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គាត់បានចេញទៅច្រូតស្មៅគោ ហើយបានទុកកូននៅផ្ទះ រួចបានដាក់ច្រវាក់ជាប់នឹងជើងរបស់គេ។ ប៉ុន្ដែក្រោយពេលគាត់ត្រឡប់មកវិញ ស្រាប់តែបាត់កូន ហើយគាត់បាននាំគ្នាដើរតាមរកដែរ តែរកកូនមិនឃើញ។ រហូតមកដល់យប់កើតហេតុ ទើបមានអ្នកស្រុកប្រាប់ ថា កូនរបស់គាត់ ត្រូវបានរថភ្លើងកិនស្លាប់ នៅចំណុចវាលស្រែលូ៦ ហើយភ្លាមៗនោះ គាត់បានរត់ទៅមើល ឃើញកូនរបស់គាត់បានស្លាប់ នៅលើផ្លូវរថភ្លើងប្រាកដមែន។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែកនេះ បានបណ្ដាលឲ្យជនរងគ្រោះ ឈ្មោះ ផ្លុង សាវឿន អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ត បាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចស្រុកសង្កែ បានធ្វើកំណត់ហេតុ ប្រគល់សពរបស់ជនរងគ្រោះ ទៅក្រុមគ្រួសារ និង សាច់ញាតិ ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម