រាជធានីភ្នំពេញ៖ បុរសម្នាក់បានផឹកស្រា រហូតស្រវឹងជោកជាំ លុះពេលប្រពន្ធឃាត់ឲ្យឈប់ផឹក ស្រាប់តែផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ស្ទុះទៅប្រតាយប្រតប់គ្នា និង ចាប់ហែកសម្លៀកបំពាក់របស់ភរិយា បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចបានចេញមកជួយអន្ដរាគមន៍ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២០០៤ នៅទល់មុខបន្ទាយទាហាន៩៩ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានការប្រទូសរ៉ាយដាក់គ្នានោះ មានមនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធ ធ្វើជាសន្ដិសុខដូចគ្នា តែដោយសារឃើញប្ដីផឹកស្រវឹង ទើបគាត់ស្ដីបន្ទោសឲ្យបន្ដិចបន្ដួច។ លុះពេលពួកគេធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានការឈ្លោះប្រកែកគ្នា ហើយបានឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក និង បានចាប់ហែកខោអាវរបស់ប្រពន្ធខ្លួន។ ឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋបាន ជួយរកសម្លៀកបំពាក់ឲ្យប្តូរចេញភ្លាមៗ ហើយបានដឹងដល់សមត្ថកិច្ច បានចេញមកធ្វើអន្ដរាគមន៍។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំបុរសស្រ្ដីទាំង២នាក់ប្ដីប្រពន្ធ ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីសាកសួរ និង សម្របសម្រួលតាមនីតិវិធ៕