រាជធានីភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន៣នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ជ្រុលចង្កូតបុកចូលទៅក្នុងអាហារដ្ឋានវោហារតារាសាច់អាំង ស៊ុប និងគុយទាវ» បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតេហតុ មានក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានបើកម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IP-6092 ឌុបសិស្សប្រុសស្រីចំនួន២នាក់ផ្សេងទៀត បោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវបេតុង នៅក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលពួកគេបានជិះម៉ូតូឌុបគ្នា មកដល់ចំណុចកើតហេតុ ដោយសារតែម៉ូតូមានល្បឿនលឿន មិនអាចបត់តាមផ្លូវកោងទាន់ ក៏ជ្រុលចង្កូតចូលទៅក្នុងហាងគុយទាវខាងលើ ដួលបោកនឹងទូលក់គុយទាវ និង ប៉ុកម៉ូតូធូដេមួយគ្រឿង ធ្វើឲ្យរងការខូចខាត ហើយបានបណ្ដាលឲ្យម្ចាស់ហាងម្នាក់ និង អ្នកលក់បន្លែម្នាក់ រងរបួសធ្ងន់ ខណៈសិស្សប្រុសស្រីទាំង៣នាក់ រងរបួសស្រាល។
ក្រោយពេលកើតហេតុ កូនចៅម្ចាស់ហាង បានឃាត់អ្នកបើកបរម៉ូតូបង្ក រួចហើយបានទាក់ទងទៅអាណាព្យាបាលរបស់ពួកគេឲ្យមកដោះស្រាយ សងសំណងថ្លៃខូចខាត និង ចេញថ្លៃព្យាបាលរបួស៕