មន្ទីរធម្មការខេត្តត្បូងឃ្មុំ បំភ្លឺពីរឿងចៅអធិការវត្ដ វាយកូននេន

29-វិច្ឆិកា-2024 - ម៉ោង 10:57:AM

ខេត្តត្បូងឃ្មុំ៖ ក្រោយពេលមានការបង្ហោះឃ្លីបវីដេអូ នៅតាមបណ្ដាញសង្គម អំពីករណីព្រះចៅអធិការវត្ដមួយអង្គ វាយកូននេននោះមក បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ដោយចាត់ទុកជាការប្រើប្រាស់អំពើហិង្សា ហើយឥឡូវមន្ទីរធម្មការ បានចេញមកបំភ្លឺ អំពីករណីនេះ។

មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានបញ្ជាក់ នៅក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្បូងឃ្មុំ, ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ សាធារណជន អ្នកសារព័ត៌មាន និង អ្នកលេងបណ្តាញសង្គម មេត្តាជ្រាប ថា៖ ដោយមានការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គម Facebook ដែលមានម្ចាស់គណនី ឈ្មោះ ឌីជេខេអេច បានបង្ហោះវីដេអូ អំពីសកម្មភាពរបស់ភិក្ខុ យាន ធាវី ដែលប្រើអំពើហិង្សា ទៅលើសាមណេរ ប៉ាវ សីហា នៅយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងវត្តគិរីទក្ខិណារាម ហៅ«វត្តក្បាលបឹងសេះ» ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពេលទទួលបានព័ត៌មានបែបនេះ មន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំ បានសហការជាមួយព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកត្បូងឃ្មុំ បានចុះស្រាវជ្រាវ និង ស៊ើបអង្កេត ហើយយោងតាមការបំភ្លឺពីភិក្ខុព្រះនាម ស៊ុម ភក្តី ជាព្រះគ្រូចៅអធិការវត្ត និង ភិក្ខុ យាន ធាវី ដែលប្រើហិង្សាទៅលើសាមណេរ ប៉ាវ សីហា នោះ មន្ទីរធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ សូមបំភ្លឺដល់អ្នកសារព័ត៌មាន និង សាធារណជនទាំងអស់ មេត្តាជ្រាថា៖
១.សង្ឃដីការបស់ភិក្ខុព្រះនាម ស៊ុម ភក្តី ជាព្រះចៅអធិការវត្ត បានបញ្ជាក់ថា៖ ភិក្ខុ យាន ធាវី ពិតជាបានវាយសាមណេរ ប៉ាវ សីហា ប្រាដកមែន។ ប៉ុន្តែការវាយនេះ គឺចង់អប់រំទូន្មានតែប៉ុណ្ណោះ មិនបង្កអ្វីធ្ងន់ធ្ងរនោះឡើយ។ ដូច្នេះអាត្មាភាពស្នើសុំបិណ្ឌបាតដល់ម្ចាស់គណនី Facebook ឈ្មោះ ឌីជេខេអេច និង ញាតិញោមអ្នកសារព័ត៌មាន ព្រមទាំងសាធារណជន សូមមេត្តា លុបវីដេអូចេញពីគណនី និង សូមបញ្ឈប់ធ្វើការ Posts Share Comments បន្តទៀត។

២.ភិក្ខុ យាន ធាវី បានបំភ្លឺចំពោះសកម្មភាពរបស់ព្រះអង្គ ដែលប្រើអំពើហិង្សា និង ពាក្យពេចន៍មិនសមរម្យ ទៅលើសាមណេរ ប៉ាវ សីហា ដោយមានបំណង ចង់អប់រំទូន្មានតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ អាត្មាភាព សូមសុំអភ័យទោស និង សុំទោសដល់ព្រះមន្ត្រីសង្ឃ ព្រមទាំងញាតិញោមសាធារណជនទាំងអស់ ហើយអាត្មាភាពសូមសន្យា ថា ចាប់ពីថ្ងៃនេះតទៅ អាត្មាភាពឈប់អប់រំភិក្ខុសាមណេរ តាមរយៈការធ្វើអំពើហិង្សាទៀតហើយ ។ ចំពោះបណ្តាញសង្គមខ្លះ បាន Comments ថា អាត្មាភាពឆាន់ស្រា ហើយទៅវាយលោកនោះ មិនពិតប្រាដកទេ បើមានករណីបែបនេះមែន អាត្មាភាព សូមទទួលខុសត្រូវ នៅចំពោះមុខច្បាប់។

៣.សង្ឃដីការបស់សាមណេរ ប៉ាវ សីហា បានបញ្ជាក់ថា៖ ក្នុងករណីនេះ អាត្មាភាពក៏មានចំណុចខុសឆ្គងផងដែរ។ ដូច្នេះ អាត្មាភាពសូមបញ្ចប់រឿងត្រឹមនេះ និង មិនមានការប្តឹង ឬទាមទារសំណងអ្វីឡើយ។

៤. ចំពោះករណីខាងលើនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវ និង ពិនិត្យរបួសស្នាម ព្រមទាំងបានពិនិត្យទឹកនោម រកសារធាតុញៀន ក្រែងករណីហិង្សានេះ បង្កឡើងដោយសារភិក្ខុ យាន ធាវី ប្រើប្រាស់សារធាតុញៀន ប៉ុន្តែជាលទ្ធផល នៃការធ្វើតេស្ត ភិក្ខុ យាន ធាវី ពុំមានផ្ទុកសារធាតុញៀននោះឡើយ។
សេចក្តីបានបំភ្លឺខាងលើ សូមឯកឧត្តម លោកជំទាវ សាធារណជនគ្រប់ថ្នាក់ អ្នកសារព័ត៌មាន និង អ្នកលេងបណ្តាញសង្គមទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ពត័មានពេញនិយម