ភ្នំពេញ៖ ពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ស្តីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ត្រូវបានសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ប្រគល់ជូនបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងកិច្ចប្រជុំលើកទី៤១ នៅប្រទេសហ្វីលីពីន។
ពានរង្វាន់នេះ ត្រូវបានប្រគល់ដោយ លោក Ahmad Zulqarnain Onn ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ានលើកទី៤០ និងជានាយកប្រតិបត្តិមូលនិធិសោធននិវត្តន៍សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី ជូន ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា ការទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាននេះ បង្ហាញនូវសមិទ្ធផលនៃវិស័យសន្តិសុខសង្គមកម្ពុជាទាំងមូលដែលមានវឌ្ឍនភាពឥតឈប់ឈរ ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់កាន់តែទូលំទូលាយ។
គិតរហូតមកដល់ពេលនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្លាប់ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្តីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន៨រួចមកហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រងស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលទទួលបាននាពេលនេះ គឺជាពានរង្វាន់ទី៩ ដែលប្រធានសមាគម ASSA បានផ្តល់ជូន។
សូមបញ្ជាក់ថា កិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) មានការអញ្ជើញចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ចំនួន២០ស្ថាប័ន មកពីបណ្តាប្រទេសទាំង១០។ សម្រាប់ប្រធានផ្លាស់វេន នៃសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៤១ ឆ្នាំ២០២៤-២០២៥ គឺអង្គភាពសន្តិសុខសង្គមសម្រាប់មន្ត្រីរដ្ឋាភិបាល (GSIS) នៃប្រទេសហ្វីលីពីន ជាប្រធានផ្លាស់វេន បន្ទាប់ពីមូលនិធិសោធននិវត្តន៍សម្រាប់កម្មករនិយោជិត (EPF) នៃប្រទេសម៉ាឡេស៊ី។
រហូតមកទល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម មានសមាជិកសរុបជាង ២,៧លាននាក់ ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារមានចំនួនជាង ១,៦លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជិត ១៤ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬប្តី)មានចំនួន ៣៦ ៦១២នាក់ និងកូនមានចំនួន ១០២,៧៨៨នាក់៕