រាជធានីភ្នំពេញ៖ ក្រោយពេលបែកធ្លាយសំឡេង នៃសន្ទនាគ្នាជាប់ពាក់ព័ន្ធនឹងការសម្របសម្រួល ជាលុយកាក់ពីករណីជួញដូរគ្រឿងញៀននោះមក សមត្ថកិច្ចបានឃាត់ខ្លួនលោកចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និង ជាស្ដ្រីម្ចាស់សំឡេងនោះម្នាក់។
សមត្ថកិច្ច បានឲ្យដឹង ថា ជនសង័្សយដែលត្រូវបានឃាត់ខ្លួន រួមមាន៖ ១.លោក វ៉ា សារ៉ង ជាចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និង ទី២.ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ភេទស្រី ជាម្ចាស់សំឡេង នៃសន្ទនាគ្នានោះ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង កាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ចៅសង្កាត់ចោមចៅទី២ និង ស្ដ្រីម្នាក់ដែលជាម្ចាស់សំឡេង នៃសន្ទនាគ្នានោះ មានការជាប់ពាក់ព័ន្ធនឹងការសម្របសម្រួល ជាលុយកាក់លើករណីជួញដូរគ្រឿងញៀន។ ជនសង័្សយទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី។
ក្រោយពេលសាកសួររួចហើយ សមត្ថកិច្ចជំនាញនឹងបញ្ជូនជនសង័្សយ ទៅកាន់សាលាដំបូង ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់៕