ខេត្តស្វាយរៀង៖ ជនជាតិចិន ចំនួន២នាក់ និង ជនជាតិវៀតណាមម្នាក់ បានធ្វើសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន ជាង១០០០ក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ហើយឥឡូវតុលាការមួយនេះ បានសម្រេចចោទប្រកាន់ជាផ្លូវការហើយ។
អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន កាលពីរសៀល ថ្ងៃព្រហស្បតិ៍ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើសំណុំរឿង ពាក់ព័ន្ធនឹងករណីរក្សាទុក, ដឹកជញ្ជូន, ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបានបង្ក្រាប កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងបាវិត ខេត្តស្វាយរៀង និង បានបញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន២នាក់ និង ជនជាតិវៀតណាម ចំនួន១នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន ៖
១-សារធាតុសង្ស័យជាគ្រឿងញៀន ទម្ងន់សរុប ១ ០២៥,៦០ក្រាម ជាប្រភេទកេតាមីន និង អ៊ុចស្តាស៊ី ។
២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និង របាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនជាតិចិនចំនួន២ នាក់ និង ជនជាតិវៀតណាមចំនួន១នាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ ៥៩២ អ.យ.ឃ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី៧, មាត្រា ៤៨ កថាខណ្ឌទី៦ និងមាត្រា ៥៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
បន្ថែមពីការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការ ក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ស៊ើបអង្កេត និង ស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕