ខេត្តព្រះសីហនុ៖ រថយន្ដចំនួន២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមានអ្នករងរបួស និង ខូចខាតរថយន្ដយ៉ាងដំណំ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មាន បានឲ្យដឹង នៅមុនពេលកើតហេតុ មានបុរសម្នាក់ បានបើករថយន្ដដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-8563 តាមបណ្ដោយផ្លូវជាតិលេខ៤។ លុះពេលរថយន្ដនេះ បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាជាមួយនឹងរថយន្ដដឹកទំនិញធុនតូច បណ្ដាលឲ្យអ្នកបើករថយន្ដនេះរងរបួស និង ខូចខាតផ្នែកខាងមុខរបស់រថយន្ដធុនតូចយ៉ាងដំណំ ខណៈរថយន្ដដឹកទំនិញធុនធំ រងការខូចខាតតិចតួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង ហើយចាត់ការតាមនីតិវិធី។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕