ថយន្ដ២គ្រឿង បើកបុកគ្នា ក្រឡាប់ផ្ងារជើងទ្រមេឃ

27-វិច្ឆិកា-2024 - ម៉ោង 12:12:PM

ខេត្តកំពង់ស្ពឺ៖ រថយន្ដ២គ្រឿងបានបើកបរយ៉ាងលឿន ជ្រុលចង្កូទៅបុកគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ដមួយគ្រឿង ក្រឡាប់ផ្ងារជើងទ្រមេឃ​ បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត និង អ្នករួមដំណើរផ្សេងៗទៀតរងរបួស កាលពីរសៀល ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មាន បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់បានបើករថយន្ត ម៉ាក Lexus RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2L-0205 ដឹកនារីម្នាក់ជាជនជាតិមីយ៉ាន់ម៉ា តាមបណ្ដោយផ្លូវល្បឿនលឿន នៅក្នុងគន្លងផ្លូវធម្មតា នៅក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ស្របទិសគ្នាជាមួយនឹងរថយន្ដមួយគ្រឿងផ្សេងទៀត ម៉ាក FORD RANGER ពណ៌ ស ស៊េរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 2BY-3110 ដឹកជនជាតិម៉ាឡេស៊ីម្នាក់។ លុះពេលរថយន្ដឡិចស៊ីស បានបើកមកដល់ចំណុចកើតហេតុ ដែលជាកន្លែងមានការដ្ឋានជួសជុលផ្លូវនៅខាងមុខ ទើបងាកចូលទៅគន្លងវ៉ាជែង ក៏ត្រូវរថយន្ត ម៉ាក FORD RANGER បុកចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ ធ្វើឲ្យក្រឡាប់ផ្ងារជើង បណ្ដាលឲ្យអ្នកបើកបររថយន្ដឡិចស៊ីស ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ខូចខាតរថយន្ដទាំង២គ្រឿង។

មន្រ្ដីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹង ថា រថយន្ត ម៉ាក Lexus RX300 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានស្លាប់ និង អ្នករួមដំណើរម្នាក់ ឈ្មោះ កៅ សុន យី (KAW SHONE GYI) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ។ រីឯរថយន្ត ម៉ាក FORD RANGER បើកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្នោតជ្រំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង អ្នករួមដំណើរម្នាក់ ឈ្មោះ នុក ឈី ហ៊ួ (NOG CHEE HOU) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះទៅវាស់វែង និងយករថយន្ដទាំង២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការបន្ដតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកក្រុមគ្រួសារ និង សាច់ញាតិមកទទួលយកសពរបស់ជនរងគ្រោះ ដឹកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម