ស្រ្ដីវិកលចរិតម្នាក់ ត្រូវជនមិនស្គាល់អត្ដសញ្ញាណ រំលោភសម្លាប់

23-វិច្ឆិកា-2024 - ម៉ោង 02:17:PM

ខេត្តកំពង់ចាម៖ ស្ត្រីវិកលចរិតម្នាក់ ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណរំលោភសម្លាប់ ដោយនៅលើសពរបស់គាត់ មានស្នាមវាយលើផ្ទៃមុខឡើងជាំ ហើយដឹកយកមកទម្លាក់ចោលក្នុងព្រៃមួយកន្លែង មានចម្ងាយប្រហែល៧៥០ម៉ែត្រ ពីខាងជើងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានធ្វើដំណើរកាត់ព្រៃ នៅចំណុចកើតហេតុ ប្រទះឃើញសពរបស់មនុស្សស្រីម្នាក់ ហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ ភ្លាមៗនោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានរយការណ៍ជូនលោកអធិការ និងលោកស្នងការ។ បន្ទាប់មក សមត្ថកិច្ចជំនាញបានចុះទៅកាន់កន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋាន បានបន្ត ថា ភ្លាមៗនោះ សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះ ដោយក្នុងនោះមានមណ្ឌលសុខភាពខ្នុរដំបង អាជ្ញាធរឃុំ ដើម្បីពិនិត្យ និង ធ្វើកោសល្យវិច័យលើសាកសពរបស់ស្រ្ដីរងគ្រោះ។ ជាលទ្ធផល មន្រ្ដីជំនាញបានរកឃើញ ថា ជនរងគ្រោះត្រូវបានជនមិនស្គាល់អត្ដសញ្ញាណចាប់រំលោភ រួចហើយសម្លាប់ចោល ហើយដឹកសពយកមកប្លុងចោល នៅក្នុងព្រៃនេះ។ រីឯនៅលើផ្ទៃមុខរបស់សព មានស្នាមវាយបែកមុខ មើលសឹងមិនស្គាល់។ ប៉ុន្ដែប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច បានចំណាំបាន ថា ស្រ្ដីរងគ្រោះជាមនុស្សវិកលចរិត ហើយគាត់តែងតែដើរត្រាច់ចរតាមដងផ្លូវ ម្ដងឃើញនៅខ្នុរដំបង និង ម្ដងឃើញនៅកន្លែង។ រីឯលំនៅរបស់គាត់ក៏ពុំមានអ្នកណាស្គាល់នោះដែរ។

ប្រភពដដែល បានបន្ដ ថា បើតាមការសន្និដ្ឋាន ករណីឃាតកម្មនេះ អាចកើតឡើង នៅវេលាម៉ោងប្រហែល៩យប់ ថ្ងៃទទី២១ វិច្ឆិកា ២០២៤ នៅចំណុចក្រោយរោងចក្រស្កនស៊ូ ក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ដោយចម្ងាយ៧៥០ម៉ែត្រ ពីខាងជើងផ្លូវជាតិលេខ៦។ រីឯជនសង្ស័យ បានធ្វើសកម្មភាពរួចហើយក៏គេចខ្លួនបាត់។

ក្រោយពេលពិនិត្យ និង ធ្វើកោសល្យវិច័យរួចហើយ គណៈកម្មការបានប្រគល់ជូនអាជ្ញាធរឃុំចាត់ចែង រៀបចំបញ្ចុះសព នៅកន្លែងណាមួយ ដើម្បីងាយស្រួលថ្ងៃក្រោយ មានសាច់ញាតិមកតាមសួររក។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែតាមស្រាវជ្រាវ នាំខ្លួនជនដៃដល់ មកកាត់ទោសតាមច្បាប់៕

ពត័មានពេញនិយម