រាជធានីភ្នំពេញ៖ ចោរស្ទើរភ្លើងមួយក្រុម បាននាំគ្នាជិះម៉ូតូទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋ ហើយជិះគេចខ្លួនបាន តែបែរទុកម៉ូតូរបស់ពួកគេ នៅកន្លែងកើតហេតុ ហើយបានបង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានចោរមួយក្រុម បានបើកម៉ូតូធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KR-6166 ឌុបគ្នាចំនួន៣នាក់ តែស្លាកលេខ ត្រូវបានពួកគេដោះចេញពីខាងក្រោម មកពាក់នៅពីចំហៀងខាងឆ្វេង ចូលមកធ្វើសកម្មភាព នៅចំណុចលើ។ បន្ទាប់ពីមើលឃើញឱកាសល្អហើយ ក្រុមចោរទាំងនោះ ក៏បានលួចយកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះ ម៉ាកស្កូពី ហើយបាននាំគ្នាជិះគេចខ្លួនបាត់ ដោយបានសន្សល់ទុកម៉ូតូរបស់ពួកគេ នៅចំណុចកើតហេតុ។ ប៉ុន្ដែគេនៅមិនទាន់ដឹង ថា ម៉ូតូធំមួយគ្រឿងនេះ ត្រូវបានក្រុមចោរលួចបានមកពីទីណា សម្រាប់យកមកធ្វើសកម្មភាព ឬ ក៏ជាម៉ូតូរបស់ក្រុមចោរនោះដែរ។
ក្រោយពេលមានករណីចោរកម្មបែបនេះ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ដកហូតម៉ូតូនោះ យកទៅរក្សាទុក ដើម្បីស្រាវជ្រាវ និង ស្វែងរកចាប់ខ្លួនក្រុមជនល្មើស នាំមកផ្ដន្ទាទោសតាមច្បាប់៕