រថភ្លើងមួយខ្សែ ក្រឡាប់ដាច់ទូពាក់កណ្ដាល ចេញពីលើផ្លូវដែក

10-សីហា-2024 - ម៉ោង 04:30:PM

 

ខេត្តព្រះសីហនុ៖ រថភ្លើងមួយខ្សែ បានបើកយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកោង ស្រាប់តែដាច់ទូអស់ពាក់កណ្ដាល ហើយខ្លះក្រឡាប់ខ្ទាតចេញពីផ្លូវដែក លាន់ឮដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និង សមត្ថកិច្ច កាលពីវេលាម៉ោង៥ និង ១០នាទីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវចុះចំណតវាលរេញ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះថ្នាក់នោះ រថភ្លើងមួយខ្សែនេះ បានបើកបរយ៉ាងលឿន ទៅតាមល្បឿនរបស់វា។ លុះពេលរថភ្លើង បានបើកមកដល់ចំណុចកើតហេតុ ដែលមានស្ថានភាពជាផ្លូវចុះចំណោត និង ជាចំណុចផ្លូវកោងផងនោះ ស្រាប់តែទូរថភ្លើង បានធ្លាក់ទៅខាងស្ដាំ ហើយបានដាច់ទូរថភ្លើងពាក់កណ្ដាល។ រីឯក្បាលរថភ្លើង ដែលមិនបានធ្លាក់ពីផ្លូវដែក នៅតែបន្ដបើកទៅមុខ ហួសពីកន្លែងកើតហេតុ មានចម្ងាយប្រហែល៤០០ម៉ែត្រ ទើបរថភ្លើងអស់ល្បឿន។

បើទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែកនេះ មិនមានសេចក្ដីរាយការណ៍ អំពីគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

ពត័មានពេញនិយម