ក្រុមមន្ត្រីក្នុងប្រទេសប្រេស៊ីល បានឱ្យដឹងថាគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង នៅក្បែរទីក្រុង Sao Paulo កាលពីថ្ងៃសុក្រ ទី៩ ខែសីហា បានសម្លាប់ មនុស្សជិះនៅលើនោះទាំងអស់ ៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារ វាស ផាស់(Veaspass) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៌មួយថា ក្រុមហ៊ុនយើងពិតជាមានក្តីសោកស្តាយខ្លាំងនឹងសូមជូនដំណឹងថាមនុស្សជាអ្នកដំណើររួមទាំងអ្នកបើកបរទាំងអស់សរុប៦១នាក់នៅលើតួរយន្តហោះលេខ2283 គឺបានស្លាប់ទាំងអស់នៅនឹងកន្លែងកើតហេតុ។ នៅពេលនេះ វាស ផាស់ (Veaspass) កំពុងតែផ្តល់អទិភាពជំនួយដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសុំខាងក្រុមការងារជំនាញសហការប្រកបដោយប្រសិទ្ធិភាពជាមួយនឹងអាជ្ញាធរដែនដីដើម្បីកំណត់អត្តសញ្ញាណនឹងមូលហេតុនៃគ្រោះថ្នាក់ដ៌រន្ធត់មួយនេះ។ នៅមុនពេល ដែលសមត្ថកិច្ចទៅដល់ទីតាំង ក្រុមអ្នកស្រុកជាសាក្សីនៅទីក្រុង វីន ហេ ដូ (Vinhedo) បានរៀបរាប់ថា យន្តហោះនេះបានធ្លាក់ចុះនៅក្នុងតំបន់ដែលពួកគេរស់នៅ នឹងបានឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗ សាក្សីម្នាក់ទៀតបានបន្តរថា ភ្លាមៗខ្ញុំបានឃើញថាយន្តហោះបានធ្លាក់ចុះនៅក្នុងទីធ្លានៃភូមិឋានរបស់ពួកយើង សម្លេងធ្លាក់ចុះ និងឆាបឆេះគឺពិតជាគួរអោយខ្លាចខ្លាំងណាស់ ប៉ុន្តែពេលនោះមិនមានជនរងគ្រោះផ្សេងទៀតដែលជាអ្នកនៅក្នុងភូមិនោះទេ ។
តាមក្រុមមន្ត្រីប្រេស៊ីលបានអោយដឹងថា យន្ដហោះដឹកអ្នកដំណើរខាងលើ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង
ខាស ខា វែល (Cascavel) នៃរដ្ឋ ប៉ា រ៉ា ណា( Parana) ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុង សៅ ប៉ូឡូ(Sao Paulo) ហើយបានធ្លាក់នៅម៉ោងប្រហែលជា ១៖៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង វីន ហេ ដូ (Vinhedo) ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគពាយព្យទីក្រុង សៅ ប៉ូឡូ (Sao Paulo)។ វីដេអូដែលត្រូវបាន ចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ក៏បានបង្ហាញដែរថាយន្ដហោះធុន ATR-72 បានបាត់បង់ម្ចាស់ការភ្លាមៗ និងបានដាំក្បាលចុះក្រោមធ្លាក់ទៅបុកដើមឈើ មានផ្ទះនៅក្បែរនោះ ហើយក៏ផ្ទុះឆេះតែម្ដង។
គួរបញ្ជាក់ថា យន្ដហោះ ATR-72 ខាងលើមានដឹកអ្នកដំណើរ ៥៧នាក់ និងអាកាសយាននិក ៤នាក់ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់។ រដ្ឋាភិបាលប្រេស៊ីល ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ថ្ងៃ ផងដែរ៕