រាជធានីភ្នំពេញ៖ មនុស្សប្រុស-ស្រី មានទាំងជនជាតិខ្មែរ និង បរទេស បាននាំគ្នាពពាក់ពពូនចូលក្លឹបកម្សាន្ដ មានបង្គប់គ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ច ចេញប្រតិបត្ដិការចុះបង្ក្រាប និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង១០០នាក់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ដ GT ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បាន្យដឹង ថា ដោយមានបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបានស្រាវជ្រាវតាមជំនាញរបស់ខ្លួន រហូតកំណត់បានមុខសញ្ញាយ៉ាងច្បាស់លាស់។ លុះមកដល់វេលាកើតហេតុ សមត្ថកិច្ចបានចេញប្រតិបត្ដិការ ចុះបង្ក្រាបក្លឹប GT នេះ ដោយបានឃាត់ខ្លួនមនុស្សប្រុស-ស្រី ជាង១០០នាក់ មានទាំងជនបរទេសផងដែរ។ ប្រតិបត្ដិការរបស់សមត្ថកិច្ច ទៅលើក្លឹបកម្សាន្ដ GT នេះ ក៏ដោយសារតែមានការជាប់ពាក់ព័ន្ធនឹងករណីសារធាតុញៀន។
ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ច បានបញ្ជូនជនសង័្សយពាក់ព័ន្ធ ជាង១០០នាក់ និង វត្ថុតាងមួយចំនួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕