ជនទំនើងមួយក្រុម ចេញពីផឹកស្រវឹង ទាញដាវស្រាយគំនុំចាស់

10-សីហា-2024 - ម៉ោង 10:03:AM

រាជធានីភ្នំពេញ៖ ជនពាលមួយក្រុម ចេញពីផឹកស្រវឹង បានទាញដាវដេញកាប់ប្រហារទៅលើគូទំនាស់ចាស់ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបាននាំគ្នារត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូតកំណត់អត្ដសញ្ញាណបាន និង ចុះទៅឃាត់ខ្លួនបានចំនួន២នាក់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្ដខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ជនរងគ្រោះ និង មិត្ដភក្ដិម្នាក់ទៀត បាននាំគ្នាឈរជក់បារី នៅមុខផ្ទះគ្មានលេខ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ ស្របគ្នានោះ ក៏មានជនសង័្សយមួយក្រុម មានគ្នា៨នាក់ ប្រដាប់ដោយកាំបិតបុ័ងតោ និង ដាវកែច្នៃ ជិះម៉ូតូចំនួន៣គ្រឿង ទើបចេញពីកន្លែងផឹកស៊ី ក៏មកដល់ឃើញជនរងគ្រោះដែលជាគូទំនាស់ចាស់ កំពុងតែឈរជក់បារី ក៏នាំគ្នាដេញកាប់ ប្រហារបណ្ដាលឲ្យរងរបួសធ្ងន់ ហើយបាននាំគ្នារត់គេចខ្លួនបាត់អស់។

ប្រភពដដែល បានបន្ដ ថា ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ច បានចុះទៅស្រាវជ្រាវ រហូតកំណត់បានអត្ដសញ្ញាណរបស់ជនសង័្សយ ហើយចុះទៅឃាត់ខ្លួនជនសង័្សយ ចំនួន២នាក់ រួមមាន៖ ១-ឈ្មោះ ហ៊ឹម សុខល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរមុខរបរចុងភៅ ស្នាក់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង ២-ឈ្មោះ ហ៊ាង លីញហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកជញ្ជូន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះ ឈ្មោះ សាន់ រ៉ូសាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិ ព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ក្រោយពេលបង្រ្កាបរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និង ដាវមួយដើម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី។ បច្ចុប្បន្ន បក្ខពួករបស់ជនសង័្សយ ចំនួន៦នាក់ផ្សេងទៀត ដែលកំពុងតែរត់គេចខ្លួន កំពុងតែស្ថិតក្រោមការតាមឃាត់ខ្លួនរបស់សមត្ថកិច្ច។ ដោយឡែក ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត៕

ពត័មានពេញនិយម