លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា និងក្នុងនាមជាអគ្គស្នងការសមាគមកាយប្ញទ្ធីនារីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨ រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល មុននឹងចេញដំណើរទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេងនៅឯប្រទេសជប៉ុននាប៉ុន្មានថ្ងៃខាងមុខនេះ ដែលជំនួបខាងលើធ្វើឡើងនាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារហៃយ៉ាត់រីជេនស៊ីភ្នំពេញ។
ប្រតិភូយុវជនវ័យក្មេងកម្ពុជាទាំង៨រូប ចូលជួបសម្ដែងការគួរសមជាមួយ លោកជំទាវបណ្ឌិតដែលជាថ្នាក់ដឹកនាំគំរូរបស់កម្ពុជានាពេលនេះ ត្រូវបានដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាណាព្យាបាលយុវជនទាំង៨រូប ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា និងគណៈកម្មាការអាហារូបករណ៍សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ។
នៅក្នុងឱកាសដ៏ប្រសើរនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ចូលរួមអបអរសាទរដល់ប្រតិភូយុវជនទាំង៨រូប ពេញដោយសមត្ថភាព មានឱកាសចូលរួមនៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ឆ្នាំ ២០២៤ នៅឯប្រទេសជប៉ុន។ លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តថា យុវជនគឺជាសរសេរទ្រូងរបស់ប្រទេសជាតិ ហើយជាកម្លាំងបន្តវេនដ៏សំខាន់ក្នុងប្រទេសនាថ្ងៃអនាគតដែលស្ដែងឡើងតាមរយៈសមត្ថភាព និងភាពច្នៃប្រឌិតរបស់ប្អូនៗយុវជន។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏បានលើកឡើងពីគំរូរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកបន្តវេនដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសន្តិភាពជូនប្រជាជាតិកម្ពុជា បន្តពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
ជាមួយគ្នានេះដែរ លោកជំទាវក៏មិនភ្លេចរំលេចពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលមុំសំខាន់នៃយុទ្ធសាស្រ្តគឺការភិវឌ្ឍន៍មូលធនមនុស្ស តាមរយៈការកសាង និងពង្រឹងសមត្ថភាពយុវជន ដើម្បីជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចូលរួមរបស់ប្អូនៗទាំង ៨រូប នាពេលនេះ គឺតំណាងឱ្យប្រទេសកម្ពុជាទាំងមូល លោកជំទាវបានផ្ដាំផ្ញើដល់ប្អូនៗយុវជន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ គោរពវិន័យ ពង្រឹងសាមគ្គីភាពក្រុម បញ្ចេញទាំងសមត្ថភាព និងត្រូវរៀនសូត្រពីគេឱ្យបានច្រើនដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសខ្លួនវិញ ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិតក៏បានចែករំលែកនូវបទពិសោធន៍ល្អៗនៃភាពជាអ្នកដឹកនាំដល់ប្អូនៗ យុវជន ព្រមទាំងបានណែនាំដល់ប្អូនៗ ត្រូវសិក្សាឈ្វេងយល់ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ដើម្បីជាទុកទុនចំណេះដឹងដ៏សំខាន់ចូលរួមនៅក្នុងការបញ្ចេញមតិយោបល់ និងត្រូវចាប់យកឱកាសចែករំលែកបទពិសោធន៍ បង្កើតទំនាក់ទំនង និងជាពិសេសត្រូវលើកយកវប្បធម៌ និងអត្តសញ្ញាណជាតិទៅបង្ហាញនៅដល់ប្រទេសដទៃបានស្គាល់។
លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បានមានប្រសាសន៍ថា ប្រតិភូយុវជន ទាំង៨រូប នឹងត្រូវចេញទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេងនៅឯប្រទេសជប៉ុន នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ ឆាប់ៗខាងមុខ។ ជាមួយគ្នានេះលោកជំទាវបានថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលឆ្លៀតពេលវេលាដ៏មាមាញឹក និងផ្ដល់អាទិភាពដល់ប្រតិភូយុវជនបានជួបសម្ដែងការគួរសម និងស្ដាប់នូវអនុសាសន៍ល្អ ក្នុងនាមជាថ្នាក់ដឹកនាំគំរូ និងជាស្រ្តីទី១របស់ប្រទេសកម្ពុជា។
ក្នុងជំនួបដ៏កម្រនេះ ប្រតិភូយុវជនវ័យក្មេងទាំង៨រូប ក៏បានថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតដែលអនុញ្ញាតឱ្យចូលជួប និងផ្ដល់អនុសាសន៍ល្អៗ ដែលជាទុនគំនិតដ៏សំខាន់ក្នុងការត្រៀមខ្លួនចេញទៅបង្ហាញសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ជាមួយបណ្ដាយុវជនមកពីប្រទេសចំនួន៨ ទៀតនៅតំបន់អាស៊ី។ ជាមួយគ្នានេះ ប្អូនៗយុវជនបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ និងត្រៀមបង្ហាញពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ព្រមទាំងបង្ហាញពីវឌ្ឍនភាពជាតិ ដែលរីកចម្រើនលើគ្រប់វិស័យតាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបជូនថា ប្រតិភូយុវជន ៨ រូប ក្នុងនោះមាន យុវតី ៥ រូប និងយុវជន ៣ រូប ដែលនឹងទៅចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង នៅប្រទេសជប៉ុន មកពី៖ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ១រូប, វិទ្យាល័យហ៊ុន សែន ស្អាង ១ រូប, វិទ្យាល័យ ហ៊ុន សែន កងតាណឹង ១រូប, សាលាប៊ែលធីអន្តរជាតិ ១ រូប, សាលាមីគីវ៉េ ១ រូប, សាលាអន្តរជាតិអ៊ីសវ៉េស ១ រូប និងមកពី CCF ចំនួន២រូប ដែលជាសមាជិកានៃសមាគមកាយប្ញទ្ធិនារីផងដែរ។
ក្នុងនាមជាស្រ្តីទីមួយនៃកម្ពុជា និងជាអគ្គស្នងហការសមាគមកាយប្ញទ្ធិនារីកម្ពុជា លោកជំទាវបានកោតសរសើរដល់ក្រសួងអប់រំយុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងកបេសកកម្មអភិវឌ្ឍន៍សមត្ថភាពយុវជន ព្រមទាំងបានស្វែងរកឱកាសល្អៗ ឱ្យយុវជនយើងអាចបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ។ លោកជំទាវសង្ឃឹមថាពេលក្រោយកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីអ្នកដឹកនាំយុវជនអាស៊ីវ័យក្មេង ដើម្បីឱ្យកម្ពុជាមានឱកាសបង្ហាញពីសក្ដានុពលយុវជនឱ្យកាន់តែច្រើនថែមទៀត៕