គ្រោះដ៏ធំគំរាមកំហែងដល់ប្រទេសជប៉ុន ចាប់បង្ខំឲ្យនាយករដ្ឋមន្រ្ដី លុបចោលដំណើរទៅកាន់អាស៊ីកណ្ដាល

09-សីហា-2024 - ម៉ោង 04:10:PM

រាជធានីតូក្យូ៖ នាយករដ្ឋមន្រ្ដីជប៉ុន កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ បានលុបចោលដំណើរទស្សនកិច្ចរបស់គាត់ ឆ្ពោះទៅកាន់តំបន់អាស៊ីកណ្ដាល និង ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ ក្រោយពេលក្រុមអ្នកវិទ្យាសាស្រ្ដផ្នែកគ្រោះរញ្ជួយដី បានព្រមានអំពីលទ្ធភាពរបស់អាស៊ីខាងកើតមួយនេះ គួរតែត្រៀមរៀបចំ សម្រាប់គ្រោះរញ្ជួយដីកម្រិតខ្លាំង អាចនឹងកើតឡើង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អារ៉ាប៊ីសាអូឌីត Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃដដែលនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ JMA បានចេញសេចក្តីណែនាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមនុស្សចំនួន៨នាក់ បានរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នៅភាគខាងត្បូង របស់ប្រទេសអាស៊ីបូព៌ាមួយនេះ។

បើតាមគម្រោង នៅថ្ងៃសុក្រ ទី៩ ខែសីហា លោក ហ៊្វូមីអូ គីស៊ីដា ( Fumio Kishida) នាយករដ្ឋមន្រ្ដី គីស៊ីដា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅតំបន់អាស៊ីកណ្ដាល រួមមាន៖ ប្រទេសកាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន និង ម៉ុងហ្គោលី ហើយក៏មានគម្រោងនឹងចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់ផងដែរ។

លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ថា «នៅក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំត្រូវតែមានការទទួលខុសត្រូវខ្ពស់បំផុត សម្រាប់ការគ្រប់គ្រងវិបត្តិ។ ដូច្នេះខ្ញុំបានសម្រេចចិត្ត ថា ខ្ញុំគួរតែស្នាក់នៅក្នុងប្រទេសជប៉ុន យ៉ាងហោចណាស់ រយៈពេលមួយសប្តាហ៍»។

លោកនាយករដ្ឋមន្រ្ដី គីស៊ីដា បានសង្កត់ធ្ងន់ ថា សាធារណជនទាំងអស់ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ក្រោយពេលទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីណែនាំជាលើកដំបូងរបស់ខ្លួន ក្រោមប្រព័ន្ធថ្មីមួយ ត្រូវបានរៀបចំឡើង បន្ទាប់ពីមានគ្រោះរញ្ជួយដី មានកម្រិត៩,០រ៉ិចទ័របានវាយប្រហារមកលើប្រទេសជប៉ុន កាលពីក្នុងឆ្នាំ២០១១ រហូតបង្កឲ្យកើតជារលកយក្សស៊ូណាមិ និង បង្កទៅជាគ្រោះមហន្តរាយ ដល់រោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា (Fukushima)។

ជប៉ុន ជាប្រទេសមួយតែងតែកើតមានគ្រោះរញ្ជួយដីជាញឹកញាប់បំផុត។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសអាស៊ីខាងកើតមួយនេះ បានជួបប្រទះនឹងគ្រោះរញ្ជួយដីកម្រិតខ្លាំង រហូតដល់៧,៦រ៉ិចទ័រ ខណៈបណ្ដាប្រទេសនានា នៅលើពិភពលោក កំពុងតែអបអរពិធីចូលឆ្នាំថ្មីសកល។ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ បានវាយប្រហារទៅលើឧបទ្វីបណូតូ (Noto) នៅលើឆ្នេរសមុទ្រជប៉ុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣១៨នាក់ បានដួលរលំអគារ និង បំផ្លាញផ្លូវថ្នល់ជាច្រើនបន្ថែមទៀត៕

ពត័មានពេញនិយម