ជនសង័្សយមួយក្រុម នាំក្មេងស្រីអនីតិជនចូលធ្វើការក្នុងហាងខារ៉ាអូខេ បង្គប់សេវាផ្លូវភេទ

09-សីហា-2024 - ម៉ោង 11:29:AM

ខេត្តកំពង់ស្ពឺ៖ ជនខិលខួចមួយក្រុម បានបង្កើតហាងខារ៉ាអូខេ និង បានល្បួងអូសទាញក្មេងស្រីជាអនីតិជន មកបម្រើការងារ នៅក្នុងហាង ហើយមានបង្គប់សេវាផ្លូវភេទ សម្រាប់បុរសជាអ្នកមានលុយ ក៏ត្រូវបានសមត្ថកិច្ច ឆ្មក់ចុះទៅបង្ក្រាប និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ហើយបានរំដោះក្មេងស្រីរងគ្រោះជាច្រើននាក់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងហាង«បុប្ផាថ្មី» ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹង ថា នៅមុនពេលឈានដល់ការបង្ក្រាបនោះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនខេត្ត បានធ្វើការតាមជំនាញរបស់ខ្លួន រហូតទទួលបានព័ត៌មានដ៏គួរឲ្យទុកចិត្ត អំពីករណីលួចលាក់នាំក្មេងស្រីជាអនីតិជន មកបម្រើការងារ នៅក្នុងហាង និង មានបង្កប់បម្រើសេវាផ្លូវភេទ សម្រាប់ភ្ញៀវមានលុយ។ លុះមកដល់វេលាកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានឆ្មក់ចុះបង្ក្រាប និង ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៥នាក់ ហើយបានរំដោះក្មេងស្រីរងគ្រោះជាច្រើននាក់។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង័្សយ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម