រាជធានីភ្នំពេញ៖ គ្រោះអគ្គិភ័យបានលេបត្របាក់រោងចក្រមួយកន្លែង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅក្នុងរោងចក្រខ្វាន់ទុម ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋរស់នៅជិតទីនោះ បានឃើញមានផ្សែងហុយចេញពីទីតាំងស្តុកក្រដាសដាក់កាតុងអេតចាយ។ លុះបន្ដិចក្រោយមក ក៏ឃើញមានអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ចេញពីក្នុងរោងចក្រ ធ្វើឲ្យពលរដ្ឋរស់នៅជិតខាង រួមទាំងសន្តិសុខ នាំគ្នាទាញទុយោទឹកបាញ់ពន្លត់ និង រាយការណ៍សុំអន្ដរាគមន៍ ពីសមត្ថកិច្ចពាក់ព័ន្ធ។ ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿង ប្រចាំការនៅរោងចក្រ មកដល់ ហើយបន្ដបន្ទាប់មកទៀត ទើបមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ និង រថយន្តពន្លត់អគ្គិភ័យរបស់កងកម្លាំងសង្រ្គោះ ៧១១ បានមកដល់ ជួយអន្តរាគមន៍បាញ់ពន្លត់ អស់ជាច្រើនរថយន្ដ ទើបធ្វើឲ្យភ្លើងរលត់អស់ទៅវិញ នៅយប់ថ្ងៃដដែលនោះ។
បើទោះជាយ៉ាងណា នៅហេតុការណ៍គ្រោះអគ្គិភ័យនោះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ហើយភ្លើងក៏មិនបានឆាបឆេះរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋនោះដែរ។ រីឯទំហំខូចខាត ក៏សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយ៕