ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនចំនួន២ក្រុម បានឈ្លោះប្រកែកគ្នា ទាញដំបង និង រើសដុំថ្ម បម្រុងបើកឆាកប្រយុទ្ធគ្នា ធ្វើឲ្យផ្អើលដល់ពលរដ្ឋខ្មែរ រាយការណ៍ទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួនជាង១០នាក់ កាលពីល្ងាច ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលមានការប្រទូសរ៉ាយគ្នានោះ មានជនជាតិចិនចំនួន១ក្រុម ប្រហែលជាង១០នាក់ ប្រដាប់ដោយដំបងឈើ ដំបងដែក និង ដុំថ្ម បម្រុងធ្វើសកម្មភាពចូលវាយប្រហារ ទៅលើជនជាតិចិន១ក្រុមផ្សេងទៀត នៅក្នុងផ្ទះជួលកន្លែងកើតហេតុ។ ឃើញបែបនេះ អ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយភ្លាមៗនោះកម្លាំងនគរបាល បានចុះមកបង្ក្រាបទាន់ពេល។ ប៉ុន្ដែប្រសិនសមត្ថកិច្ច មកយឺតពេលតែបន្ដិច អាចនឹងផ្ទុះអំពើហិង្សា រហូតមានអ្នកស្លាប់ ឬ រងរបួសក៏ថាបាន។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនជាតិចិន ចំនួន២ក្រុម ប្រដាប់ដោយដំបង និង ដុំថ្ម សម្រាប់ធ្វើជាអាវុធ ប៉ុនប៉ងវាយប្រហារគ្នា។ ប៉ុន្ដែភ្លាមៗនោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានដឹងទាន់ ហើយបានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចេញធ្វើប្រតិបត្តិការជាបន្ទាន់ ទប់ស្កាត់នូវអំពើហិង្សានោះ និង បានឃាត់ខ្លួនជនបរទេស សរុបជាង១០នាក់។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានបន្ដ ថា បើតាមការសាកសួរបឋម ជម្លោះ រវាងជនជាតិចិនទាំង២ក្រុមនេះ បានកើតឡើង ដោយសារតែភាគីម្ខាង បានចោទទៅភាគីម្ខាងទៀត ថា បានវាយបក្ខពួករបស់ខ្លួន ចំនួន២នាក់ បណ្ដាលឱ្យរងរបួស ទើបពួកគេលើកគ្នា មកសងសឹកវិញ។
ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំងនោះ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕