ខេត្តព្រះសីហនុ៖ ជនជាតិចិនមួយក្រុម បាននាំគ្នាចាប់នារីខ្មែរម្នាក់ និង ប្រុសចិនម្នាក់ ញាត់បញ្ចូលទៅក្នុងរថយន្ដ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ហើយបានរាយការណ៍ទៅសមត្ថកិច្ច កាលពីវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម នៅមុខអាហារដ្ឋាន«តុងប៉ីហ្សាវខាវ» ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹង ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍បែបនេះ លោកស្នងការនគរបាលខេត្ត បានបញ្ជាដល់កម្លាំងជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់។ លុះមកដល់វេលាម៉ោង២ និង ៣០នាទីរំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល ទើបកម្លាំងជំនាញ បានកំណត់មុខសញ្ញារបស់ជនសង័្សយ រហូតឈានដល់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធ សរុប៨នាក់ ដោយក្នុងនោះមានជនជាតិចិន ចំនួន៦នាក់ និង ជនជាតិខ្មែរចំនួន២នាក់ ហើយបានដកហូតកាំភ្លើងខ្លី ចំនួន២ដើម, ខ្នោះដៃចំនួន២គូ និង វត្ថុតាងមួយចំនួនទៀត។ ក្រៅពីការឃាត់ខ្លួនជនសង័្សយទាំងនេះ សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ ចំនួន២នាក់ ដោយមាននារីខ្មែរម្នាក់ និង បុរសជាជនជាតិចិនម្នាក់។
ក្រោយពេលបង្ក្រាបរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំងអស់ និង វត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរតាមជំនាញ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕