ខេត្តសៀមរាប៖ ក្មេងពាលចំនួន២ក្រុម បានដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ធ្វើឲ្យអ្នកស្រុកអ្នកភូមិ និង អ្នកធ្វើដំណើរតាមដឹងផ្លូវភ័យខ្លាច កាលពីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅមុខវត្តកំពង់ឃ្លាំង ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
បើតាមឃ្លីបវីដេអូ ដែលប្រជាពលរដ្ឋថតបាន ហើយយកទៅបង្ហោះ នៅតាមបណ្ដាញសង្គម ឃើញ ថា ក្រុមក្មេងទំនើងទាំងនោះ បានដេញកាប់ប្រហារគ្នាយ៉ាងអនាធិបតេយ្យ ហាក់បីដូចជាគ្មានការខ្លាចរអារដល់សមត្ថកិច្ចអ្វីបន្ដិចសោះឡើយ។
ជាមួយនឹងសកម្មភាពអុកឡុក បង្ករឿងអំពល់ដល់សង្គម និង អសន្ដិសុខបែបនេះ ប្រជាពលរដ្ឋ បានស្នើសុំទៅសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ រួមមាន៖ លោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាចាត់វិធានការ ចំពោះក្រុមក្មេងទំនើងទាំងនោះ ដែលតែងតែបង្កអសន្តិសុខ និង ការភ័យខ្លាចដល់ពួកគាត់ ហើយត្រូវតែបង្ក្រាបទៅលើក្រុមបាតសង្គមទាំងនេះ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ៕