ខេត្តស្ទឹងត្រែង៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មានករណីចោរចូលលួចព្រះពុទ្ធបដិមា ចំនួន២លើក ហើយឥឡូវក៏មានក្រុមជនទុច្ចរិតបានបន្ដចូលទៅលួចព្រះពុទ្ធបដិមាចំនួន៥អង្គ នៅក្នុងវត្ដទួលរលួស ហៅ«វត្ដផាបាំង» ប៉ុន្ដែព្រះសង្ឃទើបតែដឹង អំពីការបាត់ព្រះពុទ្ធបដិមា កាលពីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយព្រះអង្គបានរាយការណ៍ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែ។
ព្រះតេជគុណ ចៅអធិការវត្តទួលរលួស មានថេរដីកា ថា ព្រះអង្គទើបតែដឹង អំពីករណីចោរលួចព្រះពុទ្ធបដិមា ចំនួន៥ព្រះអង្គ កាលពីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ បន្ទាប់មកព្រះអង្គបានរាយការណ៍ និង ដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មកែវ។
លោកវរសេនីយ៍ឯក ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានបញ្ជាក់ ថា ក្រោយពេលទទួលបានពាក្យបណ្ដឹង ពីព្រះចៅអធិការវត្ដទួលរលួស រួចមក សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និង ស្រាវជ្រាវលើករណីនេះ។
លោកអធិការនគរបាលស្រុកសៀមប៉ាង បានបន្ថែម ថា បើតាមថេរដីការបស់ព្រះចៅអធិការវត្ត បានប្រាប់សមត្ថកិច្ច ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ព្រះអង្គបាននិមន្តចូលទៅថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ គឺព្រះពុទ្ធរូបទាំង៥ព្រះអង្គនោះ មិនទាន់បាត់នៅឡើយ។ លុះក្រោយមក ព្រះអង្គបាននិមន្តទៅកាន់រាជធានីភ្នំពេញ ស្រាប់តែនៅពេលត្រឡប់មកដល់វត្តវិញ ព្រះអង្គបានចូលទៅក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំព្រះ ទើបដឹង ថា បាត់ព្រះពុទ្ធបដិមាចំនួន៥អង្គ កាលពីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ព្រះចៅអធិការ បានមានថេរដីកាបន្ដ ថា ព្រះវិហារ ជាកន្លែងរក្សាព្រះពុទ្ធបដិមាទាំង៥ព្រះអង្គដែលត្រូវបានចោរលួចយកទៅបាត់នោះ។ ប៉ុន្ដែព្រះវិហារនេះពុំបានចាក់សោទ្វារនោះឡើយ ព្រោះមានព្រះសង្ឃចំនួន១៦អង្គ គង់នៅចាំវត្តរបស់ព្រះអង្គ។
លោកស្រី ញោច សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្តសិល្បៈខេត្តស្ទឹងត្រែង បានឱ្យដឹង ថា លោកស្រី មិនបានដឹង អំពីព្រះពុទ្ធបដិមាដែលបានបាត់នោះ ជាវត្ថុបុរាណ ឬបដិមាផលិតពីវត្ថុធាតុអ្វីឱ្យពិតប្រាកដនោះដែរ។ ករណីនេះ ប្រហែលជាព្រះពុទ្ធបដិមាទាំង៥អង្គនេះ ជារបស់ មានតម្លៃ ទើបក្រុមចោរចូលមកលួចបែបនេះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានករណីលួចព្រះពុទ្ធបដិមា ចំនួន៣លើក នៅក្នុងខេត្តស្ទឹងត្រែង ហើយក្នុងនោះលើកទី១.នៅវត្តលើ, លើកទី២.នៅវត្តហាងខូសួន ស្ថិតក្នុងក្រុងស្ទឹងត្រែង និង លើកទី៣.នៅវត្តទួលរលួស ហៅ«វត្តផាបាំង» ស្រុកសៀមប៉ាង៕